មុនជំនួបដណ្ដើមខ្សែក្រវ៉ាត់មាស ISI Palm និងលុយ ១០,០០០ដុល្លារ លន បញ្ញា និយាយថា ឡៅ ចិត្រា ជាកីឡាករ….!! (មានវីដេអូ)

  • ពុធ ០៩ តុលា, ២០១៩ ១៤:៤៧
កម្ពុជា៖ បច្ចុប្បន្នវិស័យប្រដាល់គុនខ្មែរ ដែលជាក្បាច់គុនបុរាណបន្សល់ទុកពីដូនតាយើងមក កំពុងទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីសំណាក់ពុកម៉ែ បងប្អូនគ្រប់ស្រទាប់វណ្ណៈ មិនថាប្រុស ឬស្រី ក្មេងចាស់នោះទេ។រឹតតែកក្រើកនៅចុងសប្ដាហ៍ថ្ងៃអាទិត្យទី១៣ ខែតុលា ឆ្នាំ២០១៩នេះ នឹងមានការប្រកួតវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវ៉ាត់មាស និងលុយ ១០,០០០ដុល្លាររបស់ក្រុមហ៊ុន ISI Palm រវាងកីឡាករជើងខ្លាំងទាំងពីររូបរបស់កម្ពុជា២រូបគឺ ឡៅ ចិត្រា និង លន បញ្ញា។
ដូចដែរអ្នកគាំទ្រភាគច្រើនបានដឹង ឡៅ ចិត្រា គឺជាកីឡាករលំដាប់ជួរមុខមួយរូបនៅកម្ពុជា ហើយរូបគេក៏ជាកីឡាករជម្រើសជាតិកម្ពុជាវិញ្ញាសាប្រដាល់គុនខ្មែរ។ លើសពីនេះទៅទៀត ប្អូនប្រុសបង្កើតរបស់ ឡៅ ចន្រ្ទា រូបនេះក៏ជាម្ចាស់មេដាយសំរឹទ្ធិស៊ីហ្គេម កាលពីការប្រកួតស៊ីហ្គេមឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ីផងដែរ។ក្រឡេកមកមើលដៃគូរបស់ចិត្រា កីឡាករនៅសមគមន៍ប្រដាល់ក្រសួងការពារជាតិ លន បញ្ញា ឯណេះវិញគឺជាពន្លកគុនខ្មែរមួយរូបដែលកំពុងមានឈ្មោះបោះសំឡេងនាពេលបច្ចុប្បន្នតាមរយៈក្បាច់វាយ និងភាពវៃឆ្លាតនៅលើសង្វៀនរបស់គេ។
លន បញ្ញា
ចំពោះការប៉ះជាមួយ ឡៅ ចិត្រា ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវ៉ាត់មាស អ្នកប្រដាល់មកពីស្រុកស្វាយអន្ទរ ខេត្តព្រៃវែង លន បញ្ញា មានអារម្មណ៍ថាសប្បាយចិត្តដែលមានឱកាសអាចប្រកួតជាមួយជើងខ្លាំងលំដាប់ប្រទេសដូចជា ឡៅ ចិត្រា។ បញ្ញា លើកឡើងថា ចិត្រា មានផ្លែ និងអាវុធល្អគ្រប់គ្រឿង ប៉ុន្តែគេក៏បានហ្វឹកហាត់រួចរាល់ដើម្បីត្រៀមការប្រកួតមួយនោះមកដល់​ និងប្ដេជ្ញាខិតខំធ្វើឲ្យអស់ពីសមត្ថភាពដែលខ្លួនមាន ដើម្បីធ្វើឲ្យការប្រកួតនោះកាន់តែជក់ចិត្ត។
លន បញ្ញា
លន បញ្ញា
ចំណែកឯលោកគ្រូ ធន់ សុភា ដែលជាគ្រូបង្ហាត់ផ្ទាល់នៅសមាគមន៍ប្រដាល់ក្រសួងការពារជាតិ យល់ថាជាជោគជ័យមួយរបស់កូនសិស្សរបស់ខ្លួន លន បញ្ញា ដែលអាចឆ្លងមកដល់វគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវ៉ាត់មាស។ ហើយលោកគ្រូក៏បង្ហាញភាពជឿជាក់ទៅលើ បញ្ញា ដោយលោកគ្រូបានពន្យល់ថា បញ្ញា មានកម្លាំង និងបានហ្វឹកហាត់គ្រប់គ្រាន់ដើម្បីត្រៀមការប្រកួតដ៏អស្ចារ្យមួយនោះ។
លោកគ្រូ ធន់ សុភា
ជាចុងក្រោយអតីតអ្នកប្រដាល់ល្បីឈ្មោះអំឡុងទសវតស្សន៍ឆ្នាំ២០០០ ម្នាក់នេះក៏បានអរគុណដល់អ្នកគាំទ្រដែលតែងតែជួយគាំទ្រដល់វិស័យប្រដាល់គុនខ្មែរកន្លងមក និងសុំឲ្យអ្នកគាំទ្រទាំងអស់គ្នា ធ្វើការរិះគន់ក្នុងន័យស្ថាបនា ជាជាងការរិះគន់ជាន់ពន្លិច ដែលធ្វើឲ្យកីឡាករបាក់ទឹកចិត្ត។
លោកគ្រូ ធន់ សុភា
រំលឹកដែរថា មុនឡើងមកជួបគ្នានៅវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវ៉ាត់មាសនេះ កីឡាករទាំងពីរសុទ្ធតែបានប្រកួតឈ្នះដៃគូខ្មែរ និងថៃអស់ជាច្រើន ក្នុងនោះនៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឡៅ ចិត្រា បានផ្ដួល ឡុង ជិន ឲ្យសន្លប់ក្នុងទឹកទី១ ខណៈ លន បញ្ញា ឈ្នះពិន្ទុ សុខ សាវិន។  សម្រាប់ជំនួបវគ្គផ្ដាច់ព្រ័ត្រដណ្ដើមខ្សែក្រវ៉ាត់មាស និងលុយ ១០,០០០ដុល្លារ ក្នុងកម្មវិធីអធិរាជគុនខ្មែរ ISI Palm នឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី១៣ ខែតុលា ឆ្នាំ២០១៩នេះចាប់ពីម៉ោង ១២ថ្ងៃត្រង់តទៅ នៅស្ទូឌីយោ PNN ព្រែកព្នៅ និងមានការផ្សាយផ្ទាល់តាមរយៈកញ្ចក់ទូរទស្សន៍ PNN ផងដែរ៕
ចង់ជ្រាបកាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោម៖
www.000webhost.com