ប្ដីខំប្រពន្ធប្រឹង ជឿទៅថា គ្រួសារមួយហ្នឹង នឹងរុងរឿង មានបាន មានក្ដីសុខសុភមង្គល

ជីវិតគ្រួសារ គឺជាការសាងឡើងដោយមនុស្សពីរនាក់ ចាប់ផ្ដើមជាមួយគ្នា ចាប់ដៃគ្នា ខំប្រឹងប្រែងរួមគ្នា មិនថាស្ថិតក្នុងកាលៈទេសៈបែបណា សុខ ឬទុក្ខ ស្រណុក ឬលំបាក ជួបឧបសគ្គ បញ្ហាបែបណា ក៏ត្រូវតែខំប្រឹងពុះពារ ឆ្ពោះទៅមុខជាមួយគ្នា មិនបែក មិនចោលគ្នាឡើយ។ប្ដីប្រពន្ធ គឺជាការរួមសុខទុក្ខជាមួយគ្នា ប្រពន្ធក៏ត្រូវតែខំ ប្ដីក៏ត្រូវតែប្រឹង ធ្វើការរកស៊ី ចាប់ដៃគ្នាដើម្បីគ្រួសារមួយនេះ ជឿថា ទោះមានអ្វីកើតឡើង ក៏អ្នកនៅតែអាចឆ្លងកាត់បានដែរ។ គេឱ្យរៀបការ មានប្ដីមានប្រពន្ធ គឺដើម្បីជួយគិត ជួយជ្រោមជ្រែងគ្នា មិនមែនរៀបការសាងគ្រួសារ បង្កតែភាពក្ដៅក្រហាយរាល់ថ្ងៃនោះទេ។ សម័យនេះហើយ គេមិនគិតតែឈ្លោះគ្នាទេ ប្ដីប្រពន្ធ គឺត្រូវខិតខំធ្វើការរកស៊ីដើម្បីគ្រួសារ កុំគិតតែឈ្លោះគ្នា កុំគិតតែប្រចណ្ឌហួងហែង ចាប់កំហុសគ្នា ត្រូវចេះខ្មាសគេឯងផង។ ចង់មានលុយ មានឡាន មានផ្ទះជារបស់ខ្លួនឯង ជាសម្បត្តិគ្រួសាររួមគ្នា ត្រូវខិតខំរកស៊ី ប្រពន្ធល្អ ប្ដីពូកែ ប្រពន្ធចេះរៀបចំទុកដាក់ ប្ដីពូកែធ្វើការរកលុយ វាជារឿងមួយដ៏ល្អបំផុត។ ក៏មានរឿងមួយទៀត ជីវិតប្ដីប្រពន្ធ មិនមែនផ្ដោតតែលើការរកស៊ី ធ្វើការនោះទេ តែត្រូវចេះចំណាយពេល ឆ្លៀតពេលឱ្យគ្នាផង កុំគិតតែរឿងរកលុយ មានបានប៉ុនណា តែបើគ្មានការយកចិត្តទុកដាក់ ថែរក្សាគ្នា គ្មានពេលឱ្យគ្នា ជីវិតប្ដីប្រពន្ធក៏គ្មានក្ដីសុខសុភមង្គលដែរ។ជីវិតប្ដីប្រពន្ធ ត្រូវប្រឈមមុខ ជួបរឿងរ៉ាវច្រើនណាស់ មិនមែនមួយថ្ងៃ មួយខែ ឬមួយឆ្នាំទេ គឺមួយជីវិត ដូច្នេះ ត្រូវមានចិត្តអំណត់អត់ធ្មត់ឱ្យបានខ្ពស់។ គ្រួសារមួយ ត្រូវការភាពកក់ក្ដៅ មិនមែនភាពក្ដៅក្រហាយទេ ដូច្នេះ មិនថាមានរឿងអ្វី ក៏ត្រូវតែត្រជាក់ដាក់គ្នា ដោះស្រាយគ្នាដោយសន្តិវិធី៕
រូបភាពតំណាង
រូបភាពតំណាង
ខ្មែរឡូតសូមរក្សាសិទ្ធិ
www.000webhost.com